សេចក្តីជូនដំណឹង
​​​​​​​
ឆ្នាំ ២០១៤ មួយរឿងអស់ ៦៨ ម៉ឺន ដុល្លារ ចុះដឹងថា ទសវត្សរ៍ ៦០ ផលិតករចាយទុនប៉ុន្មានទេ?

1 Oct, 2014 09:46

ទុន​សម្រាប់​ផលិតករ​ឆ្នាំ​ ២០១៤​ប្រើប្រាស់​ក្នុង​ការ​​ផលិត​ខ្សែ​ភាពយន្ត​មួយ​រឿង​អស់​ជាង៧០​ម៉ឺន​ដុល្លារក៏ប៉ុន្តែ​​សម្រាប់​​ទសវត្សរ៍​ទី ៦០ ផលិតករ​ប្រើ​ទុន​ពី ២០​ទៅ​ ៣០ ​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ។

ផលិតករ​ជើង​ចាស់​ល្បី​ឈ្មោះ​ជំនាន់​ទសវត្សរ៍​ទី៦០ ​លោក លី ប៊ុនយីមបាន​និយាយ​ថា៖ “២០ ​ទៅ​ ៣០​ម៉ឺន​រៀល​ហ្នឹង​សម្រាប់​រឿង​តូច​តាច​ទេតែ​បើ​រឿង​ធំ​វិញ​យើង​អាច​ចាយ​ទុន​ដល់ជាង​១​លាន​រៀល​ក៏​មាន”។

 

 រឿងអនអើយ ស្រីអន​របស់​ផលិតករ លី ប៊ុនយីម ទសវត្សរ៍៦០

ខ្សែ​ភាពយន្ត​នាំ​ឱ្យ​ផលិតករ​ជើង​ចាស់​ខាង​លើ​ល្បី​ឈ្មោះ​មក​ទល់​បច្ចុប្បន្ន​​ដែល​ប្រើ​ទុន​ត្រឹម ២០​ទៅ៣០​ម៉ឺន​រៀល​ខ្មែរ​​មាន​ដូច​ជា​រឿង “អន​អើយ​ស្រី​អន” រឿង “សព្វសិទិ្ធ” និង​ រឿង “ពុទ្ធិ​សែន​នាង​កង្រី” ជាដើម។

លោក លី ប៊ុនយីមបន្ត​ថា​កត្តា​នាំ​ឱ្យ​​ខ្សែ​ភាពយន្ត​​ទសវត្សរ៍៦០ប្រើប្រាស់​ថវិកា​តិច​តួច​ដូច្នេះ ដោយ​សារ​តែ​ជំនាន់​នោះតួ​សម្ដែង​មិន​សូវ​ជា​ស៊ី​ថ្លៃ ហើយ​មាន​ពេល​ខ្លះ​គឺ​ផលិតករនិង​តារា​សម្ដែង​សហការ​គ្នា​ក្នុង​ការ​ផលិត​ដោយ​មិន​គិត​ពី​កម្រៃ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​​ផលិតករ​មាន​ប្រភព​ពី​ខេត្តកំពង់ចាម​រូប​នេះអះអាង​ការ​ចំណាយ​ក្នុង​ការ​ផលិត​​​ខ្សែ​ភាពយន្ត​ទសវត្សរ៍៦០និង​សម័យ​បច្ចុប្បន្ន​មិន​អាច​យក​មក​ប្រៀបធៀប​គ្នា​បាន​ទេ។មិន​អាច​ប្រៀប​ធៀប​បាន​ដោយសារ​តែ​ខុស​សម័យ​គ្នាហើយ​ការ​ប្រើប្រាស់​ឧបករណ៍​ក៏​ខុស​គ្នា​ដែរ។ដូច្នេះ​ហើយ​តម្លៃ​គឺ​ត្រូវ​តែ​ខុស​គ្នា​តែ​ម្ដង។

ដោយ​ឡែក​ផលិតករ​ជើង​ចាស់​មួយ​រូប​ទៀត​ជំនាន់​ទសវត្សរ៍​៦០​ដែរដែល​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ ក្រសួង​ព័ត៌មានឯកឧត្ដម​ ម៉ៅ អាយុទ្ធបាន​និយាយ​ថា​ដោយ​សារ​លុយ​រៀល​ជំនាន់​នោះ​ថ្លៃ​ធ្វើ​ឱ្យ​ការ​ផលិត​រឿង​ចំណាយ​លុយ​តិច។

ឯកឧត្ដម ម៉ៅអាយុទ្ធ បាន​បញ្ជាក់​ថា៖”ខ្ញុំ​មិន​ច្បាស់​​ទេ​អា​រឿង​ចំណាយព្រោះ​យូរ​ដែរ​ហើយ តែ​បើ​ខ្ញុំ​ស្មាន​មើល​មិន​ច្រើន​អី​ទេ២០​ម៉ឺន​រៀល​អី​ហ្នឹង​ក្នុង​មួយ​រឿង”។

 

រឿង​ស្បែកគង់របស់​ផលិតកម្ម AngkorPicture ឆ្នាំ​២០១៤

ងាក​មក​​សម័យ​បច្ចុប្បន្ន​វិញ​ការ​ផលិត​ខ្សែ​ភាពយន្ត​គេ​មិន​គិត​ជា​លុយ​រៀល​ដូច​មុន​ទៀត​ទេ។១០០​ភាគ​រយ​ផលិតករ​ការ​ប្រើប្រាស់​ដើម​ទុន​គេ​និយាយ​ពី​រឿង​លុយ​ដុល្លារ។ជាក់​ស្ដែង​ខ្សែ​ភាពយន្ត​ដែល​ចំណាយ​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១៤គឺ​រឿងស្បែក​គង់​ជាង​​៧០​ម៉ឺន​ដុល្លារ។

​​​លោក លីប៊ុនយីម លើក​ឡើង​ពី​​កម្រិត​ខ្សែ​ភាពយន្តនិង​ការ​ចំណាយ​​ក្នុង​ការ​ផលិត​រឿង​ទសវត្សរ៍​ទី ៦០​ថា៖”ចំណាយ​តិច​មែន​ប៉ុន្តែ​រឿង​ពេល​នោះ​ផលិត​មាន​​គុណភាព​ណាស់ហើយ​ទស្សនិកជន​​ខ្លះ​៥​ទៅ​៦​ដង​ក៏​មាន​ដែរដោយ​មិន​មាន​ភាព​ធុញទ្រាន់​ទេហើយ​ខ្សែ​ភាពយន្ត​ដាក់​តាម​រោង​វិញរយៈ​មួយ​ខែ​ហើយ​ក៏​នៅ​តែ​មាន​មនុស្ស​ចូល​ទស្សនា​ទៀត”៕

អត្ថបទ៖ អ៊ីងសុឡា

 From: sabay.com

អត្ថបទផ្សេងៗទៀត៖
អ្នកចូលទស្សនា
  • ចំនួនអ្នកទស្សនា05200429
  • ថ្ងៃនេះ3431
  • ម្សិលមិញ1093
  • សប្តាហ៏នេះ12475
  • ខែនេះ28449
បណ្តាញទំនាក់ទំនងសង្គម