គ្មានខ្សែពិបាករកការងារធ្វើ?
មនុស្សមួយចំនួនដែលស្វែងរកការងារធ្វើមិនបានតែងតែចោទ ឬបន្ទោសថា មកពីខ្លួនមិនស្គាល់គេ ទើបមិនអាចមានការងារធ្វើ ឬគេបក្សពួកនិយម ជ្រើសរើសតែបងប្អូន ឬមិត្តភ័ក្តិរបស់គេតែប៉ុណ្ណោះ។ តើគ្មានខ្សែ ឬបណ្ដាញពិតជាមិនអាចរកការងារធ្វើបាន ឬយ៉ាងណា?យុវជន ប៉ុល សៀងហេង និស្សិតឆ្នាំទី២ ជំនាញអក្សរសាស្ត្រអង់គ្លេស នៅ IFL ដែលមិនទាន់បានការងារធ្វើនៅឡើយ បាននិយាយពីការយល់ឃើញរបស់ខ្លួនថា ការបានការងារតាមខ្សែបណ្ដាញ គឺទីណាក៏មានដែរ ជារឿងធម្មតាទេ។ ពេលមានផលប្រយោជន៍គេ គេមើលឃើញបងប្អូនកូនក្មួយគេមុន ហើយគេមិនដែលមើលអ្នកមកពីក្រៅមុននោះទេ។ កន្លែងណាក៏វាដូចតែគ្នា។
ជាក់ស្ដែងយុវជន ម៉ុក យ៉ារិន បុគ្គលិកក្រុមហ៊ុនកាំបូកូថប់ បាននិយាយពីបទពិសោធន៍របស់ខ្លួនថា ពិតជាយ៉ាងនេះមែន បើមិនស្គាល់គេទេ ចប់ហើយ កុំសង្ឃឹមថារកការងារបានធ្វើឲ្យសោះ។ តាមរយៈបទពិសោធន៍យ៉ារិនផ្ទាល់ គឺធ្លាប់បានដាក់៣ក្រុមហ៊ុនហើយ មិនដែលជាប់ទេ ដល់មានបងស្គាល់គេនៅក្រុមហ៊ុនមួយ ដាក់ពាក្យទៅ ក៏ជាប់បានសម្ភាសន៍ភ្លាមតែម្ដង។
យុវជន ម៉ុក យ៉ារិន បានបន្ថែមថា៖ “ពេលសម្ភាសន៍ មេបរទេសជាអ្នកសម្ភាសន៍ផ្ទាល់។ ខ្ញុំមានសមត្ថភាពអាចទៅរួច ក៏ជាប់បានធ្វើរហូតតែម្ដងទៅ”។
ដូចគ្នាដែរ លោក ឌី សុខពិសិដ្ឋ គ្រូបង្រៀនភាសាអង់គ្លេសនៅសាលាប៊ែលតុន បានឲ្យដឹងថា សម្រាប់លោកមិនមែនខ្សែទេ គឺបណ្ដាញតែម្ដង មានន័យថា ស្គាល់គ្នា ប្រាប់ដំណឹងលឿនជាងចាំមើលសេចក្ដីប្រកាសរើសបុគ្គលិកតាមដំណើរ។ ពិសិដ្ឋបានបន្ថែមថា៖ “គ្រាន់តែមានខ្សែ វារហ័សបានសម្ភាសន៍ និងឆាប់ទុកចិត្តជាងអ្នកអត់ខ្សែ”។
យ៉ាងណាក៏ដោយ លោក ឌី សុខពិសិដ្ឋ និយាយដូច្នេះថា៖ “រឿងតួនាទី សំខាន់ដំបូងគេមើលគ្នាគេមែន ប៉ុន្តែបើសិនជាតួនាទីតូចតាច មិនសូវសំខាន់ គឺគេអាចយកអ្នកពីក្រៅមកធ្វើដែរ”។
ផ្ទុយពីគេ កញ្ញា ថារី អតីតសិស្សសាលាភាសាចិនទួនហ្វា បានបដិសេធថា កញ្ញាមិនដែលរកការងារធ្វើពឹងខ្សែ ឬខ្នងអ្វីនោះទេ គឺពឹងសមត្ថភាពទាំងស្រុង ព្រោះតាំងពីដាក់រកការងារធ្វើមក៣ទៅ៤ក្រុមហ៊ុនហើយ លាឈប់រកការងារធ្វើថ្មីទៀត មិនមានស្គាល់នរណាសោះ ក៏នៅតែជាប់ដែរ។ ថារីបានបន្ថែមថា៖ “ដូច្នេះមិនមែនទាល់ទែមានខ្សែបណ្ដាញទើបរកការងារធ្វើនោះទេ”។
ចុះមិត្តយុវវ័យយល់យ៉ាងណាដែរចំពោះបញ្ហានេះ?
មើលផ្សេងៗទៀត
| FirstPrevious 1 2Last(16 Items) |
អ្នកចូលទស្សនា
- ចំនួនអ្នកទស្សនា00000204
- ថ្ងៃនេះ45
- ម្សិលមិញ141
- សប្តាហ៏នេះ186
- ខែនេះ186
បណ្តាញទំនាក់ទំនងសង្គម

